ហេប្រឺ 10:30-39

ហេប្រឺ 10:30-39 គខប

ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។ គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!។ ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បងប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បងប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ពេល​ខ្លះ បងប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បងប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ បងប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បងប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បងប្អូន ដោយ​រីក‌រាយ ដ្បិត​បងប្អូន​ដឹង​ថា បងប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ហេតុ​នេះ សូម​បងប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា ដ្បិត​នៅ​តែ​បន្តិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រះអង្គ​ដែល​ត្រូវ​យាង​មក ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន ព្រះអង្គ​មិន​បង្អង់​ឡើយ។ «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ» ។ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត ។