ហេប្រឺ 10:11-18

ហេប្រឺ 10:11-18 គខប

បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​ជា​ដាច់​ខាត។ រីឯ​ព្រះ‌គ្រិស្ត​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ។ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។