ហេប្រឺ 10:11-18

ហេប្រឺ 10:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​ជា​ដាច់​ខាត។ រីឯ​ព្រះ‌គ្រិស្ត​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ។ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។ រីឯ​ព្រះ‌គ្រីស្ទ​វិញ ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាបជា​រៀង​រហូត​រួច​មក ព្រះ‌អង្គ​ក៏​បាន​គង់​ខាង​ស្តាំ​នៃ​ព្រះ ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​បន្ទាល់​ប្រាប់​យើង​ដែរ ក្រោយ​ពេល​ដែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។ ព្រះ‌អង្គ​ក៏មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត» ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការ‌ងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ជា​ញឹក‌ញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​ថា «ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង» នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត» ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។

ចែក​រំលែក
អាន ហេប្រឺ 10