ហាបាគូក 1:5-10

ហាបាគូក 1:5-10 គខប

«ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។ មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។ ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់ និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។ សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។ ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។ ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។