ហាបាគូក 1:1-17

ហាបាគូក 1:1-17 គខប

នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។ ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ ព្រះអង្គ​ដល់​កាល​ណា​ទៀត បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឲ្យ​ទូលបង្គំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។ គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។ «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។ មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។ ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់ និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។ សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។ ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។ ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។ ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។ ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន? ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក ដូច​ត្រី​នៅ​ក្នុង​សមុទ្រ ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។ តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាបាគូក 1:1-17