ហាបាគូក 1:1-17

ហាបាគូក 1:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ទំនាយ​ថ្លែងទំនាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ត្រូវ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត បើ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​អំពើ​ឃោរឃៅ តែ​ព្រះ‌អង្គ​មិន​សង្គ្រោះ​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល‌បង្គំ​មើល​ឃើញ​តែ​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ និង​អំពើ​ឃោរឃៅ​នៅ​មុខ​ទូល‌បង្គំ ក៏​មានតែ​ការ​ឈ្លោះ​ប្រកែក និង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង។ ហេតុ​ដូច្នេះ បញ្ញត្តិ​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត លែង​មាន​យុត្តិ‌ធម៌​ទៀត​ហើយ។ ចូរ​ពិចារណា​មើល ក្នុង​ចំណោម​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ យើង​កំពុង​តែ​ធ្វើ​ការ​មួយ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ។ ដ្បិត​មើល៍! យើង​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅដែល​មិន​មែន​ជា​របស់​ខ្លួន គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ និង​យស‌សក្តិ​របស់​គេ មក​តែ​ពី​ខ្លួន​គេ​ទេ។ ឯ​សេះ​របស់​គេ​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ​សម្រុក​ចូល​ដោយ​ឥត​ញញើត ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី គេ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ គេ​ឡក‌ឡឺយ​ឲ្យ​ស្តេច​នានា ហើយ​មើល​ងាយ​ពួក​ចៅ‌ហ្វាយ គេ​សើច​ដាក់​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង​ចាប់​យក​បាន​ហើយ រួច​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កម្លាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។ ឱ​ព្រ‌ះ​យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូល‌បង្គំ​អើយ តើ​ព្រះ‌អង្គ​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ? យើង​ខ្ញុំ​រាល់​គ្នា នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​គេ​ត្រូវ​ជំនុំ‌ជម្រះ ហើយ​ឱ​ថ្ម​ដា​អើយ ព្រះ‌អង្គ​បាន​តាំង​គេ​ឡើង​ដើម្បី​វាយ​ផ្ចាល។ ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទត​មើល ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់ លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួនបាត់​ទៅ​ដូច្នេះ? គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ។ គេ​ស្ទួច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ។ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ច្រើន ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ។ ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សម្លាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជា‌និច្ច​ឬ?

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។ ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ ព្រះអង្គ​ដល់​កាល​ណា​ទៀត បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឲ្យ​ទូលបង្គំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។ គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។ «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។ មើល៍! យើង​នឹង​នាំ​ជន‌ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។ ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ព្រឺ​ខ្លាច និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់ និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។ សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កង‌ទ័ព​សេះ​របស់​ពួក​គេ​បោះ‌ពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះ‌ពួយ​ចុះ​មក​ចាប់​រំពា។ ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។ ពួក​គេ​ប្រមាថ​មាក់‌ងាយ​ស្ដេច​នានា ចំអក​ឡក‌ឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំង‌ឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។ ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។ បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះ‌អម្ចាស់​ដែល​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។ ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន? ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក ដូច​ត្រី​នៅ​ក្នុង​សមុទ្រ ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។ តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូលបង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូលបង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូលបង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។ ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ នឹង​យស‌សក្តិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ អើ គេ​ឡក‌ឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យក​ពួក​ចៅហ្វាយ​ជា​ទី​មើល‌ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ‌ជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ‌ផ្ចាល ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ ដូច្នេះ​តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។

ចែក​រំលែក
អាន ហាបាគូក 1