លោកុប្បត្តិ 5:21-32

លោកុប្បត្តិ 5:21-32 គខប

ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។ ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។ លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។ ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ប្រាំ‌ពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។ ក្រោយ​ពី​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំ‌ពីរ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។ ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ លោក​រស់​បាន​ទាំង​អស់​ប្រាំ‌ពីរ​រយ​ចិត‌សិប​ប្រាំ‌ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។ ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។