លោកុប្បត្តិ 5:21-32
លោកុប្បត្តិ 5:21-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលហេណុកមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ក្រោយពីបានបង្កើតមធូសាឡាមក លោកហេណុកបានដើរជាមួយព្រះអស់បីរយឆ្នាំ ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។ អាយុរបស់ហេណុកទាំងអស់បានបីរយហុកសិបប្រាំឆ្នាំ។ ហេណុកបានដើរជាមួយព្រះ រួចលោកមិននៅទៀតទេ ដ្បិតព្រះទ្រង់បានយកគាត់ទៅ។ ពេលមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាមេក។ ក្រោយពីបានបង្កើតឡាមេកមក លោករស់នៅបានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ អាយុរបស់មធូសាឡាទាំងអស់បាន ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ស្លាប់ទៅ។ ពេលឡាមេកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសមួយ។ លោកដាក់ឈ្មោះកូននោះថា "ណូអេ" ដោយពោលថា៖ «កូននេះនឹងជួយសម្រាលទុក្ខលំបាករបស់យើង ដែលយើងធ្វើយ៉ាងនឿយហត់ដោយដៃ ព្រោះតែដីដែលព្រះយេហូវ៉ាបានដាក់បណ្ដាសា»។ ក្រោយពីបានបង្កើតណូអេមក ឡាមេករស់នៅបានប្រាំរយកៅសិបប្រាំឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសស្រីជាច្រើន។ អាយុរបស់ឡាមេកទាំងអស់បានប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ស្លាប់ទៅ។ ក្រោយពីលោកណូអេមានអាយុប្រាំរយឆ្នាំ លោកបង្កើតបានសិម ហាំ និងយ៉ាផែត។
លោកុប្បត្តិ 5:21-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។ ពេលលោកមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាម៉េក។ ក្រោយពីបង្កើតឡាម៉េកមក លោកមធូសាឡារស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ លោករស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ទទួលមរណភាព។ ពេលលោកឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសម្នាក់ ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ ក្រោយបង្កើតណូអេមក លោកឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ លោករស់បានទាំងអស់ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។ ពេលលោកណូអេអាយុប្រាំរយឆ្នាំ លោកបង្កើតបាន សិម ហាំ និងយ៉ាផេត។
លោកុប្បត្តិ 5:21-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។ មធូសាឡាគាត់អាយុបាន១៨៧ឆ្នាំ នោះគាត់បង្កើតបានឡាមេក រួចក្រោយគ្រាដែលបង្កើតឡាមេកមក នោះគាត់រស់នៅ បាន៧៨២ឆ្នាំទៀត ទាំងបង្កើតបានកូន ជាប្រុសជាស្រីតទៅ អាយុរបស់មធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ ឡាមេក អាយុបាន១៨២ឆ្នាំ នោះគាត់បង្កើតបានកូនប្រុស១ ដែលគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា រួចក្រោយគ្រាដែលបង្កើតណូអេមក នោះគាត់រស់នៅបាន៥៩៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ អាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ នឹងយ៉ាផែត១។