លោកយ៉ូសែបទៅទូលព្រះចៅផារ៉ោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។ លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់បងប្អូនលោកយ៉ូសែបថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេទូលស្ដេចថា៖ «ទូលបង្គំយើងខ្ញុំជាគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។ ពួកគេទូលស្ដេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំយើងខ្ញុំរស់នៅក្នុងតំបន់កូសែនផង»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។ លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងឲ្យឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។ លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។ ព្រះចៅផារ៉ោនសួរលោកយ៉ាកុបថា៖ «តើលោកតាអាយុប៉ុន្មានហើយ?»។ លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។ លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។ លោកយ៉ូសែបបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមរាជបញ្ជារបស់ព្រះចៅផារ៉ោន។ លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
អាន លោកុប្បត្តិ 47
ស្ដាប់នូវ លោកុប្បត្តិ 47
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 47:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ