លោកុប្បត្តិ 47:1-12

លោកុប្បត្តិ 47:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូសែប​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ឪពុក និង​បងប្អូន​របស់​ទូលបង្គំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។ លោក​យ៉ូសែប​បាន​នាំ​បងប្អូន​របស់​លោក​ប្រាំ​នាក់ ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បងប្អូន​លោក​យ៉ូសែប​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​គង្វាល ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។ ពួក​គេ​ទូល​ស្ដេច​ទៀត​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ទូលបង្គំ​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ទូលបង្គំ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បងប្អូន​របស់​លោក​បាន​មក​ជួប‌ជុំ​នឹង​លោក​ហើយ។ លោក​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ស្រាប់ ដូច្នេះ សុំ​លោក​ចាត់​ចែង​ឲ្យ​ឪពុក និង​បងប្អូន​លោក តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ សុំ​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​តំបន់​កូសែន​ចុះ។ ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​លោក​ឃើញ​នរណា​មាន​សមត្ថ‌ភាព សុំ​តែង‌តាំង​គេ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផ្ទាល់​ផង»។ លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។ ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។ លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។ លោក​យ៉ាកុប​ថ្វាយ​ពរ​ព្រះចៅ​ផារ៉ោន​សា​ជា​ថ្មី រួច​ចាក​ចេញ​ពី​ព្រះ‌រាជា​ទៅ។ លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បងប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។ លោក​យ៉ូសែប​បាន​ផ្គត់‌ផ្គង់​ឪពុក និង​បងប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។

លោកុប្បត្តិ 47:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូសែប​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ដែរ ឥឡូវ​នេះ ពួក‌គេ​នៅ​ស្រុក​កូសែន​ឯ​ណោះ»។ លោក​យ៉ូសែប​យក​បង‌ប្អូន​ប្រាំ​នាក់​ទៅថ្វាយ​ផារ៉ោន ឲ្យ​ទ្រង់​ស្គាល់ ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​បង‌ប្អូន​របស់​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?» ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «ទូល​បង្គំ​យើង​ខ្ញុំ​ជា​ពួក​គង្វាល ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ»។ ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​មាន​អំណត់​ខ្លាំង​ណាស់ គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទេ ហេតុ​នេះ សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​យើង​ខ្ញុំ​បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង»។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​លោក​បាន​មក​ជួប​ជុំ​នឹងលោក​ហើយ។ ស្រុក​អេស៊ីព្ទ​នៅ​មុខ​លោក​ស្រាប់ ដូច្នេះ ចូរ​ចាត់​ចែង​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ ហើយ​ប្រសិន​បើ​លោក​ស្គាល់​អ្នក​ណា ក្នុង​ចំណោម​ពួក‌គេ​ដែល​មាន​សមត្ថភាព ចូរ​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផង»។ លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?» លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។ លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន​ទៀត រួច​ចាក​ចេញ​ពី​ផារ៉ោន​ទៅ។ លោក​យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​រ៉ាមសេស ហើយ​លោក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ផារ៉ោន​បាន​បង្គាប់។ លោក​យ៉ូសែប​បាន​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ឪពុក បង‌ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​របស់​ឪពុក​លោក​ទាំង​អស់ តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក‌គេ។

លោកុប្បត្តិ 47:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក នឹង​បង​ប្អូន​ទូលបង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់ នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ​តៗ​មក គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង នោះ​ផារ៉ោន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ឪពុក នឹង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ ដូច្នេះ​ស្រុក​អេស៊ីព្ទ​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​ឲ្យ​ឪពុក នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ បើ​អ្នក​ស្គាល់​អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ប្រសប់​វាង‌វៃ នោះ​ចូរ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​គង្វាល​លើ​ហ្វូង​សត្វ​របស់​យើង​ផង យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន រួច​ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន​ទៀត រួច​លា​ទ្រង់​ចេញ​ទៅ យ៉ូសែប​ក៏​ឲ្យ​ឪពុក​នឹង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក​នឹង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។