កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។ បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖ «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។ ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវ ខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម្មានឲ្យជួបជុំនឹងពួកគេវិញដែរ។ បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។ ក្នុងពេលរង់ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់លោកយ៉ូសែប ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។ ពេលលោកយ៉ូសែបមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនលោក ហើយក្រាបដល់ដីថ្វាយបង្គំលោក។ លោកសួរសុខទុក្ខពួកគេ ហើយមានប្រសាសន៍ថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថាមានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?» ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ លោកយ៉ូសែបសម្លឹងមើលទៅឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកសួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានតំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចលោកបន្ថែមថា៖ «សូមព្រះជាម្ចាស់ប្រណីសន្តោសដល់អ្នក!»។ ពេលលោកយ៉ូសែបឃើញប្អូន លោកអួលដើមក លោកក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។ ក្រោយលុបលាងមុខរួចហើយ លោកក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។ គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។ បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ លោកយ៉ូសែបឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់លោកទៅជូនបងប្អូន បេនយ៉ាមីនទទួលប្រាំដងច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយលោកយ៉ូសែបដែរ។
អាន លោកុប្បត្តិ 43
ស្ដាប់នូវ លោកុប្បត្តិ 43
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 43:16-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ