លោកុប្បត្តិ 43:16-34
លោកុប្បត្តិ 43:16-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។ បុរសនោះក៏បានធ្វើតាមពាក្យរបស់លោកយ៉ូសែប ហើយនាំគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប។ ពួកគេមានការភ័យខ្លាច ព្រោះមានគេនាំចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ហើយគេពិគ្រោះគ្នាថា៖ «គឺព្រោះតែប្រាក់ដែលគេបានដាក់ក្នុងបាវ ឲ្យមកយើងវិញកាលពីលើកមុននោះហើយ បានជាគេនាំយើងចូលមកដូច្នេះ ដើម្បីរករឿងនឹងយើង ហើយចាប់យើងធ្វើជាបាវបម្រើ ព្រមទាំងសត្វលារបស់យើងផង»។ គេក៏ចូលទៅជិតអ្នកមើលខុសត្រូវផ្ទះរបស់លោកយ៉ូសែប ហើយនិយាយទៅគាត់នៅមាត់ទ្វារផ្ទះថា៖ «ឱលោកម្ចាស់ខ្ញុំអើយ លើកមុនយើងខ្ញុំបានចុះមកទិញស្បៀងអាហារ ហើយពេលយើងខ្ញុំបានទៅដល់កន្លែងសម្រាក យើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់រៀងៗខ្លួននៅក្នុងមាត់បាវ គឺប្រាក់របស់យើងខ្ញុំនៅគ្រប់ចំនួន។ ឥឡូវនេះ យើងខ្ញុំបានយកប្រាក់នោះមកវិញហើយ ក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីទិញស្បៀងអាហារ។ យើងខ្ញុំមិនដឹងថា អ្នកណាបានដាក់ប្រាក់នោះនៅក្នុងបាវរបស់យើងខ្ញុំឡើយ»។ គាត់ឆ្លើយថា៖ «ចូរសុខសាន្តចុះ កុំខ្លាចអ្វីឡើយ គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នាទេ ដែលបានដាក់ទ្រព្យក្នុងបាវរបស់អ្នករាល់គ្នា ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ»។ បន្ទាប់មក គាត់ក៏នាំស៊ីម្មានចេញមកជួបពួកគេ។ កាលបុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែបហើយ គាត់ក៏យកទឹកមកឲ្យពួកគេលាងជើង ហើយកាលគាត់យកចំបើងឲ្យលារបស់ពួកគេស៊ី ពួកគេក៏រៀបចំជំនូន ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់ ដ្បិតគេបានឮថា គេត្រូវបរិភោគអាហារនៅទីនេះ។ កាលលោកយ៉ូសែបបានមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលគេបានកាន់ចូលមកក្នុងផ្ទះ ជូនដល់លោក ហើយក្រាបចុះឱនមុខដល់ដី នៅចំពោះលោក។ លោកក៏សួរអំពីសុខទុក្ខរបស់ពួកគេ ហើយមានប្រសាសន៍ថា៖ «តើលោកតាជាឪពុកដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំនោះ គាត់សុខសប្បាយទេឬ? គាត់នៅរស់ទេឬ?» ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។ លោកយ៉ូសែបងើបមុខឡើងឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកក៏សួរថា៖ «តើនេះជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬ?» លោកពោលទៅប្អូនថា៖ «កូនអើយ សូមព្រះប្រោសប្រណីដល់ឯង!»។ ពេលនោះ លោកយ៉ូសែបក៏ប្រញាប់ប្រញាល់ចេញទៅរកកន្លែងយំ ព្រោះលោកមានចិត្តក្តួលអាណិតដល់ប្អូនជាខ្លាំង ហើយលោកក៏ចូលទៅយំនៅក្នុងបន្ទប់។ បន្ទាប់មក លោកលុបមុខ ហើយចេញមកវិញ ទាំងខំទប់ ហើយមានប្រសាសន៍ថា៖ «ចូរលើកម្ហូបអាហារមក»។ គេក៏លើកម្ហូបអាហារមកជូនលោកដោយឡែក ជូនអ្នកទាំងនោះដោយឡែក ហើយពួកសាសន៍អេស៊ីព្ទដែលបរិភោគជាមួយលោកដោយឡែក ព្រោះសាសន៍អេស៊ីព្ទគ្មានច្បាប់នឹងបរិភោគជាមួយសាសន៍ហេព្រើរឡើយ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ។ កាលពួកគេអង្គុយទល់មុខលោក គេអង្គុយតាមលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា។ មានគេយកចំណែកភោជនាហារពីតុរបស់លោកយ៉ូសែបទៅជូនពួកគេ តែបេនយ៉ាមីនបានចំណែកមួយជាប្រាំ ច្រើនជាងគេទាំងអស់ ហើយគេក៏ផឹកស្រាយ៉ាងសប្បាយរីករាយជាមួយលោកយ៉ូសែប។
លោកុប្បត្តិ 43:16-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។ បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖ «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។ ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវ ខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម្មានឲ្យជួបជុំនឹងពួកគេវិញដែរ។ បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។ ក្នុងពេលរង់ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់លោកយ៉ូសែប ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។ ពេលលោកយ៉ូសែបមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនលោក ហើយក្រាបដល់ដីថ្វាយបង្គំលោក។ លោកសួរសុខទុក្ខពួកគេ ហើយមានប្រសាសន៍ថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថាមានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?» ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ លោកយ៉ូសែបសម្លឹងមើលទៅឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកសួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានតំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចលោកបន្ថែមថា៖ «សូមព្រះជាម្ចាស់ប្រណីសន្តោសដល់អ្នក!»។ ពេលលោកយ៉ូសែបឃើញប្អូន លោកអួលដើមក លោកក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។ ក្រោយលុបលាងមុខរួចហើយ លោកក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។ គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។ បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ លោកយ៉ូសែបឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់លោកទៅជូនបងប្អូន បេនយ៉ាមីនទទួលប្រាំដងច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយលោកយ៉ូសែបដែរ។
លោកុប្បត្តិ 43:16-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់ អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។ កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់ គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ ហើយសុខសប្បាយជាទេឬ គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។ លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង យ៉ូសែបក៏ប្រញាប់ប្រញាល់ទៅរកកន្លែងយំ ពីព្រោះគាត់មានសេចក្ដីក្តួលនឹងប្អូនខ្លាំងណាស់ នោះគាត់ចូលទៅយំក្នុងបន្ទប់ រួចលប់មុខចេញមកវិញ ទាំងខំទប់ ហើយប្រាប់ថា ចូរលើកម្ហូបមក គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា មានគេយកចំណែកភោជនាហារពីចំពោះគាត់ទៅឲ្យគេគ្រប់គ្នា តែបេនយ៉ាមីនបានលើសជាងគេ១ជា៥ភាគ នោះទាំងអស់គ្នាក៏បានបរិភោគ ដោយអរសប្បាយជាមួយគ្នាទៅ។