កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។ ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។ នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។ លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគម្រប់ប្រាំពីរឆ្នាំហើយ ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។ ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្ដើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗក្នុងស្រុកអេស៊ីប។ មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
អាន លោកុប្បត្តិ 41
ស្ដាប់នូវ លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:46-57
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ