លោកុប្បត្តិ 4:2-12

លោកុប្បត្តិ 4:2-12 គខប

នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់ ​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។ លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។ ព្រះ‌អម្ចាស់​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។ ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។ ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ‌ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់‌ព្រាត់​នៅ​លើ​ផែនដី»។