លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។ កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្ដាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។ រីឯយ៉ូសែបវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្ដេច។
អាន លោកុប្បត្តិ 37
ស្ដាប់នូវ លោកុប្បត្តិ 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 37:26-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ