លោកុប្បត្តិ 37:26-36
លោកុប្បត្តិ 37:26-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។ កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្ដាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។ រីឯយ៉ូសែបវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្ដេច។
លោកុប្បត្តិ 37:26-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ យូដានិយាយទៅបងប្អូនថា៖ «បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើចំណេញបានអី? មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។ ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។ កាលរូបេនត្រឡប់មកដល់អណ្តូងវិញ តែមិនឃើញយ៉ូសែបនៅក្នុងអណ្តូង គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយវិលទៅរកបងប្អូនប្រាប់ថា៖ «ក្មេងនោះបាត់ទៅហើយ តើឲ្យខ្ញុំទៅឯណា?» ពេលនោះ គេក៏សម្លាប់ពពែមួយ រួចយកអាវយ៉ូសែបទៅជ្រលក់ក្នុងឈាម បន្ទាប់មក គេផ្ញើអាវច្រើនពណ៌នោះទៅឪពុក ហើយជម្រាបថា៖ «យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន»។ លោកយ៉ាកុបស្គាល់អាវនោះ ហើយពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន មានសត្វសាហាវបានហែកវាស៊ីហើយ! យ៉ូសែបច្បាស់ជាសត្វហែកខ្ទេចខ្ទីអស់ហើយ»។ លោកយ៉ាកុបក៏ហែកសម្លៀកបំពាក់របស់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ។ កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។ នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
លោកុប្បត្តិ 37:26-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី្វ ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។ រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសំលៀកបំពាក់របស់ខ្លួន ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា នោះគេក៏សំឡាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម បញ្ជូនអាវច្រើនពណ៌នោះទៅជំរាបដល់ឪពុកថា យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន ឯពួកម៉ាឌានគេនាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារជាមេទ័ពរបស់ផារ៉ោន គឺជាមេក្រុមរក្សាអង្គ។