ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។ គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។ លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។ ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកុប តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា អ៊ីស្រាអែល។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នកបង្កើតកូនចៅ ឲ្យបានចំនួនកើនឡើងជាច្រើន។ ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី ពូជពង្សរបស់អ្នកដែរ។ រីឯស្រុកដែលយើងបានប្រគល់ឲ្យ អប្រាហាំ និងអ៊ីសាកនោះ យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ»។
អាន លោកុប្បត្តិ 35
ស្ដាប់នូវ លោកុប្បត្តិ 35
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 35:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ