លោកុប្បត្តិ 35
35
លោកយ៉ាកុបចាកចេញពីស៊ីគែមទៅបេតអែល
1 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ 2លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ 3យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។ 4គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ 5បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។
6លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ 7លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ 8នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។
9ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។ 10 ព្រះអង្គមានព្រះបន្ទូលថា៖
«អ្នកឈ្មោះយ៉ាកុប
តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ
គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។
ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា
អ៊ីស្រាអែល ។
11 ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ចូរអ្នកបង្កើតកូនចៅ
ឲ្យបានចំនួនកើនឡើងជាច្រើន។
ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត
នឹងកើតចេញពីអ្នក
ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី
ពូជពង្សរបស់អ្នកដែរ។
12រីឯស្រុកដែលយើងបានប្រគល់ឲ្យ
អប្រាហាំ និងអ៊ីសាកនោះ
យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក
ដែលកើតមកតាមក្រោយដែរ»។
13បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។ 14 លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ 15លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។
កំណើតរបស់បេនយ៉ាមីន លោកស្រីរ៉ាជែលទទួលមរណភាព
16លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក 17ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ 18លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។ 19លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
20លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។
21លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ 22 គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ: 23កូនប្រុសរបស់លោកស្រីលេអា មាន: រូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ 24កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ 25កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។ 26កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
27 លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ 28លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ 29បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 35: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.