ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។
អាន លោកុប្បត្តិ 3
ស្ដាប់នូវ លោកុប្បត្តិ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ