លោកុប្បត្តិ 3:1-13
លោកុប្បត្តិ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?» ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា៖ «អ្នកនឹងមិនស្លាប់ជាពិតទេ ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។ ពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលយាងនៅក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះបុរស និងប្រពន្ធគាត់ ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅបុរសនោះ ដោយមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅឯណា?» គាត់ទូលឆ្លើយថា៖ «ទូលបង្គំបានឮសំឡេងព្រះអង្គនៅក្នុងសួនច្បារ ទូលបង្គំភ័យខ្លាច ព្រោះទូលបង្គំនៅខ្លួនទទេ ហើយទូលបង្គំក៏ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គបានប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចបានជានាងធ្វើដូច្នេះ?»។ ស្ត្រីឆ្លើយថា៖ «ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានទៅ»។
លោកុប្បត្តិ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។
លោកុប្បត្តិ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយបន្ទូលថា ឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន