ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា។ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។ លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។ ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់» ។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ» ។ ទេវតារបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្ដងទៀតថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
អាន លោកុប្បត្តិ 22
ស្ដាប់នូវ លោកុប្បត្តិ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 22:2-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ