លោកុប្បត្តិ 2:8-20

លោកុប្បត្តិ 2:8-20 គខប

ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ ដែរ។ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។ ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស។ មាស​នៅ​ស្រុក​នេះ​មាន​គុណ‌ភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។ ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា»។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 2:8-20

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ