លោកុប្បត្តិ 2:8-20

លោកុប្បត្តិ 2:8-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើម​ឈើ​ជីវិត និង​ដើម​ឈើ​ដឹង​ខុស​ត្រូវ នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ដែរ។ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន‌ច្បារ ហើយ​ហូរ​បែក​ពី​ទី​នោះ ចេញទៅ​ជា​បួន។ ទន្លេ​ទី​មួយ​ឈ្មោះ ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ជា​ស្រុក​ដែល​មាន​មាស ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។ ទន្លេ​ទី​បី​ឈ្មោះ ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាស‌ស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ អ៊ើប្រាត។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី តែ​មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិ‌ភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។

លោកុប្បត្តិ 2:8-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស​ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សម្រស់​គួរ​ឲ្យ​ទាក់‌ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ ដែរ។ មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។ ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវី‌ឡា ជា​ស្រុក​ដែល​មាន​មាស។ មាស​នៅ​ស្រុក​នេះ​មាន​គុណ‌ភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។ ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។ ព្រះ‌ជា‌អម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​ឲ្យ​គេ​ភ្ជួរ​រាស់ និង​ថែ‌រក្សា​សួន​នោះ។ ព្រះ‌ជា‌អម្ចាស់​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា»។ ព្រះ‌ជា‌អម្ចាស់​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សា‌បក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​ឲ្យ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​ឲ្យ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​ឲ្យ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ស្រុក​ទាំង​អស់ ឲ្យ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​ឲ្យ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។

លោកុប្បត្តិ 2:8-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​សួន‌ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ទ្រង់​បាន​សូន​ធ្វើ​ឲ្យ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច‌ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ​ផង ក៏​ដាំ​ដើម​ជីវិតនឹង​ដើម​សំរាប់​ដឹង​ខុសត្រូវ នៅ​កណ្តាល​សួន‌ច្បារ​នោះ​ដែរ មាន​ទន្លេ​១​ហូរ​ចេញ​ពី​ស្រុក​អេដែន​មក​ស្រោច​សួន‌ច្បារ​នោះ រួច​ហូរ​បែក​ពី​នោះ​ទៅ​ជា​៤​មុខ ទី​១​ឈ្មោះ​ពិសុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ដែល​មាន​មាស មាស​ដែល​មក​ពី​ស្រុក​នោះ​ជា​មាស​យ៉ាង​ល្អ ក៏​មាន​ទាំង​ប្តេល្លាម នឹង​ត្បូង​អូនីក្ស​ផង ទី​២​ឈ្មោះ​គីហុន គឺ​ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស ទី​៣​ឈ្មោះ​ហ៊ីដេ‌កែល គឺ​ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាសស៊ើរ ហើយ​ទន្លេ​ទី៤​ឈ្មោះ​អ៊ើប្រាត ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​៤ នឹង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​នាំ​មក​ឯ​អ័ដាម ដើម្បី​ឲ្យ​ដឹង​ជា​គាត់​នឹង​ហៅ​យ៉ាង​ដូច​ម្តេច ឯ​ឈ្មោះ​ណា​ដែល​អ័ដាម​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ផង​ទាំង‌ឡាយ នោះ​បាន​សំរេច​ជា​ឈ្មោះ​របស់​សត្វ​នោះ​ឯង អ័ដាម​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ នឹង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​មិន​ឃើញ​មាន​ជំនួយ​ណា​សំរាប់​ឲ្យ​ជួយ​គាត់​សោះ