យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក” ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។ នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
អាន លោកុប្បត្តិ 17
ស្ដាប់នូវ លោកុប្បត្តិ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 17:8-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ