លោកុប្បត្តិ 15
15
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម
1ក្រោយហេតុការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។ 2លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញ»។ 3លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ 4ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ 5 ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។ 6 លោកអាប់រ៉ាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យបានសុចរិត* ។
7ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអ៊ើរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ 8លោកអាប់រ៉ាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្ដេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?» 9ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ 10លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។ 11ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអាប់រ៉ាមបានដេញវា។ 12 នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្ដប់លើលោក។
13 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេ អស់រយៈពេលបួនរយឆ្នាំ ។ 14 ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។ 15រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ 16នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កម្រិតនៅឡើយ»។
17លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។ 18 នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត 19ពួកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី 20ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម 21ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកាស៊ី និងស្រុកយេប៊ូស»។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.