លោកុប្បត្តិ 14:1-11

លោកុប្បត្តិ 14:1-11 គខប

នៅ​គ្រា​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម បាន​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះ‌បាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ព្រះ‌បាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដ‌ម៉ា ព្រះ‌បាទ​សេមេ‌ប៊ើរ​ជា​ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ។ ស្ដេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។ ស្ដេច​ទាំង​នេះ​នៅ​ជា​រណប​របស់​ព្រះ‌បាទ​កេដូ‌ឡោមើរ អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះ‌បោរ​ឡើង។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។ បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។ ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។ រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។