លោកុប្បត្តិ 14:1-11
លោកុប្បត្តិ 14:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ។ ស្ដេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ ស្ដេចទាំងនេះនៅជារណបរបស់ព្រះបាទកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្ដេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។ បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដេស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ ព្រះបាទធីដាលជាស្ដេចស្រុកកូយីម ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ និងព្រះបាទអើរយ៉ុកជាស្ដេចស្រុកអេឡាសារ គឺស្ដេចបួនអង្គតទល់នឹងស្ដេចប្រាំអង្គ។ នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្ដេចក្រុងសូដុម និងស្ដេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្ដេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ រីឯស្ដេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។
លោកុប្បត្តិ 14:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម ស្តេចទាំងនោះបានលើកគ្នាទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្តេចក្រុងអាត់ម៉ា ព្រះបាទសេមេប៊ើជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា (គឺក្រុងសូអារ)។ ស្តេចទាំងនេះបានប្រមូលផ្ដុំកម្លាំងនៅជ្រលងភ្នំស៊ីឌីម (គឺសមុទ្រអំបិល )។ ស្ដេចទាំងនេះបានចុះចូលព្រះបាទកេដូឡោមើរអស់រយៈពេលដប់ពីរឆ្នាំ តែដល់ឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។ បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ ក៏នាំគ្នាលើកទ័ពចេញទៅប្រយុទ្ធតទល់ នៅជ្រលងភ្នំស៊ីឌីម គឺតទល់នឹងព្រះបាទកេដូឡោមើរជាស្តេចអេឡាំ ព្រះបាទធីដាលជាស្តេចកូយីម ព្រះបាទអាំរ៉ាផែលជាស្តេចស៊ីណើរ និងព្រះបាទអើយ៉ុកជាស្តេចអេឡាសារ គឺស្តេចបួនអង្គតទល់នឹងស្តេចប្រាំអង្គ។ ឯនៅជ្រលងភ្នំស៊ីឌីម មានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាក៏រត់គេច ខ្លះធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ ហើយអ្នកឯទៀតៗនាំគ្នារត់ទៅឯភ្នំ។ ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។
លោកុប្បត្តិ 14:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ នឹងធីដាលជាស្តេចកូយីម នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុំម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនឹងស្តេចក្រុងបេឡា គឺជាសូអារ ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម នឹងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ នឹងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។ ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម នឹងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ នឹងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម នឹងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ