លោកុប្បត្តិ 12:9-20

លោកុប្បត្តិ 12:9-20 គខប

លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ហេតុ​នេះ ពេល​ជន‌ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​ឲ្យ​នៅ​រស់។ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ‌សារ​តែ​អូន​ដែរ»។ កាល​លោក​អាប់រ៉ាម​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន‌ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​លោក​មាន​រូប​ស្អាត​ណាស់។ ពួក​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ រីឯ​លោក​អាប់រ៉ាម​វិញ គេ​រាប់​រក​លោក​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​លោក។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​លោក​អាប់រ៉ាម។ ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ព្រះ‌ញាតិ‌វង្ស ជួប​នឹង​គ្រោះ​កាច​ដ៏​សែន​វេទនា ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម។ ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អាប់រ៉ាម​មក​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​ថា​នាង​ជា​ប្អូន​ទៅ​វិញ បណ្ដាល​ឲ្យ​យើង​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ ព្រះចៅ​ផារ៉ោន​បញ្ជា​រាជ​បម្រើ​ឲ្យ​បើក​ផ្លូវ​ដល់​លោក​អាប់រ៉ាម ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​លោក ទាំង​យក​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ទៅ​ជា​មួយ​ផង។