លោកុប្បត្តិ 12:9-20

លោកុប្បត្តិ 12:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​អាប់‌រ៉ាម​ក៏​ចេះ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប​ទៀត។ នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។ កាល​លោក​ហៀប​នឹង​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ លោកមាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ​ថា៖ «មើល៍! បង​ដឹង​ថា អូន​ជា​ស្ត្រីម្នាក់​ដែល​មាន​រូប​ស្រស់​ស្អាត ហើយ​ពេល​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​អូន នោះ​គេ​មុខ​ជាពោល​ថា "នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់"។ ពេល​នោះ គេ​នឹង​សម្លាប់​បង ហើយ​ទុក​អូន​ឲ្យ​រស់​នៅ។ ដូច្នេះ អូន​ត្រូវ​ប្រាប់​គេ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​ជា‌មួយ​បង​ដោយ​ព្រោះ​អូន ហើយ​ឲ្យ​បង​បាន​រួច​ជីវិត ដោយ‌សារ​អូន​ផង»។ កាល​លោក​អាប់‌រ៉ាម​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​របស់​លោក​មាន​រូប​សម្រស់​ស្អាត​ណាស់។ កាល​ពួក​នាម៉ឺន​របស់​ផារ៉ោន​ឃើញ​គាត់ គេ​នាំ​គ្នា​សរសើរ​ពីគាត់​ទូល​ផារ៉ោន រួចគេក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ផារ៉ោន។ ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ផារ៉ោន និង​ពួក​រាជ​ដំណាក់ ជួប​នឹង​គ្រោះ​កាច​ជា​ខ្លាំង ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម។ ដូច្នេះ ផារ៉ោន​ក៏​ហៅ​លោក​អាប់‌រ៉ាម​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដាក់​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ប្រាប់​យើង​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​របស់​អ្នក? ម្តេច​ក៏​អ្នក​ថា​ជា​ប្អូន ហើយ​ទុក​ឱកាស​ឲ្យ​យើង​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ? នេះ​នែ​ប្រពន្ធ​របស់​អ្នក ឥឡូវ​នេះ ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ ផារ៉ោន​ក៏​បញ្ជា​ពួក​រាជ​បម្រើ ឲ្យ​គេបញ្ជូន​លោក​ចេញ​ទៅ​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ទៅ​ជា‌មួយ​ផង។

លោកុប្បត្តិ 12:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។ ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។ ហេតុ​នេះ ពេល​ជន‌ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​ឲ្យ​នៅ​រស់។ ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយ‌សារ​តែ​អូន​ដែរ»។ កាល​លោក​អាប់រ៉ាម​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន‌ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​លោក​មាន​រូប​ស្អាត​ណាស់។ ពួក​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ រីឯ​លោក​អាប់រ៉ាម​វិញ គេ​រាប់​រក​លោក​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​លោក។ គេ​បាន​យក​ចៀម គោ លា អ្នក​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​លោក​អាប់រ៉ាម។ ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះចៅ​ផារ៉ោន និង​ព្រះ‌ញាតិ‌វង្ស ជួប​នឹង​គ្រោះ​កាច​ដ៏​សែន​វេទនា ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម។ ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អាប់រ៉ាម​មក​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​ថា​នាង​ជា​ប្អូន​ទៅ​វិញ បណ្ដាល​ឲ្យ​យើង​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ ព្រះចៅ​ផារ៉ោន​បញ្ជា​រាជ​បម្រើ​ឲ្យ​បើក​ផ្លូវ​ដល់​លោក​អាប់រ៉ាម ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​លោក ទាំង​យក​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ទៅ​ជា​មួយ​ផង។

លោកុប្បត្តិ 12:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។ នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់ កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយ‌សារ​ឯង​ផង។ កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​ពី​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន នឹង​អស់​ពួក​ព្រះ‌រាជ‌ដំណាក់​កើត​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង ម្តេច​ក៏​ឯង​ថា​ជា​ប្អូន​វិញ ដើម្បី​បើក​ឱកាស​ឲ្យ​អញ​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ នេះ​នែ​ប្រពន្ធ​ឯង​ហើយ ចូរ​យក​នាង​ទៅ​វិញ​ឥឡូវ ហើយ​ចេញ​ទៅ​ចុះ ផារ៉ោន​ក៏​បង្គាប់​ដល់​ពួក​ទ្រង់​ពី​ដំណើរ​គាត់ ហើយ​គេ​បញ្ជូន​គាត់ ព្រម​ទាំង​ប្រពន្ធ នឹង​របស់​ទ្រព្យ​គាត់​ទាំង​អស់​ឲ្យ​ចេញ​ទៅ។