លោកុប្បត្តិ 11:1-9

លោកុប្បត្តិ 11:1-9 គខប

នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណើរ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។ ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទីក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។ ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។