លោកុប្បត្តិ 11:1-9

លោកុប្បត្តិ 11:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​មាន​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ ពេល​គេ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​កើត គេ​ប្រទះ​ឃើញ​វាល​មួយ​នៅ​ស្រុក​ស៊ីណើរ គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មក​យើង នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន»។ គេ​ក៏​ប្រើ​ដុំ​ឥដ្ឋ​ជា​ថ្ម និង​ជ័រ​ខ្មៅ​ជា​បាយអ។ បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! ពួក‌គេ​ជា​ប្រជាជន​តែ​មួយ ពួក‌គេ​ទាំង​អស់​គ្នា​និយាយ​ភាសា​តែ​មួយ ហើយ​នេះ​គ្រាន់​តែជា​ការ​ចាប់​ផ្តើម​អំពើ​ដែល​គេ​ធ្វើ​ប៉ុណ្ណោះ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត តាម​បំណង​របស់​គេ​ឡើយ។ ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសារបស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នាទៅ​វិញ​ទៅ​មក​បាន​ទៀត»។ ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា ចេញពី​ទី​នោះ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ។ ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។

លោកុប្បត្តិ 11:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណើរ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។ ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទីក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។ ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។

លោកុប្បត្តិ 11:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ ហើយ​កំពុង​ដែល​គេ​ដើរ​ដំណើរ​នៅ​ស្រុក​ខាង​កើត នោះ​ក៏​ប្រទះ​ឃើញ​វាល​១​នៅ​ស្រុក​ស៊ីណើរ ហើយ​គេ​នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ទី​នោះ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម នឹង​ជ័រ​ដី​ទុក​ជា​បាយអ រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សំរាប់​យើង នឹង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក ដើម្បី​ទត​មើល​ទី​ក្រុង ហើយ​នឹង​ប៉ម​ដែល​ពួក​មនុស្ស​ជាតិ​កំពុង​ធ្វើ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​កំចាត់‌កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ ទៅ​គ្រប់​លើ​ផែនដី។