កាឡាទី 5:1-15

កាឡាទី 5:1-15 គខប

ព្រះ‌គ្រិស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។ រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។ ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។ បងប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់ តើ​នរណា​រារាំង​បងប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ? ការ​បញ្ចុះ‌បញ្ចូល​បែប​នេះ​មិន​មែន​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​ទេ។ «មេ​ម្សៅ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន» ។ ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​បី​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។ បងប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត​ជាប់​ឆ្កាង​នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។ អ្នក​ដែល​នាំ​ឲ្យ​បងប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។ បងប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់ ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ។ បើ​បងប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បងប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 5:1-15