កាឡាទី 4:8-31

កាឡាទី 4:8-31 គខប

កាល​ពី​ដើម បងប្អូន​ពុំ​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌នានា ដែល​មិន​មែន​ជា​ព្រះ‌ពិត​ប្រាកដ។ តែ​ឥឡូវ​នេះ បងប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះអង្គ​បាន​ស្គាល់​បងប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ? បើ​បងប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។ ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បងប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។ បងប្អូន​អើយ ខ្ញុំ​អង្វរ​បងប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បងប្អូន​ដែរ។ បងប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ ។ ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បងប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បងប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ដែរ។ តើ​អំណរ​សប្បាយ​ដែល​បងប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បងប្អូន​ក៏​បងប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​បងប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?។ រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បងប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បងប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។ កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រិស្ត​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បងប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។ បងប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ? ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា ។ ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ​ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។ នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្ត‌រូប​នៃ​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា: «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។» បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្តែ ពី​អតីត‌កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថា: «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ។ ហេតុ​នេះ បងប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 4:8-31

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ