កាឡាទី 4:8-31

កាឡាទី 4:8-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​ដើម បងប្អូន​ពុំ​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌នានា ដែល​មិន​មែន​ជា​ព្រះ‌ពិត​ប្រាកដ។ តែ​ឥឡូវ​នេះ បងប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះអង្គ​បាន​ស្គាល់​បងប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ? បើ​បងប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។ ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បងប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។ បងប្អូន​អើយ ខ្ញុំ​អង្វរ​បងប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បងប្អូន​ដែរ។ បងប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ ។ ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បងប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បងប្អូន​បាន​ទទួល​ខ្ញុំ​ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ត‌យេស៊ូ​ដែរ។ តើ​អំណរ​សប្បាយ​ដែល​បងប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បងប្អូន​ក៏​បងប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​បងប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?។ រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បងប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បងប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។ កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រិស្ត​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បងប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។ បងប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ? ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា ។ ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ​ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។ នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្ត‌រូប​នៃ​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា: «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។» បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្តែ ពី​អតីត‌កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថា: «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ។ ហេតុ​នេះ បងប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:8-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។ តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ? អ្នក​រាល់​គ្នា​គោរព​ថ្ងៃ ខែ រដូវ និង​ឆ្នាំ ខ្ញុំ​បារម្ភ​ក្រែងតែ​ការ​នឿយ​ហត់ដែល​ខ្ញុំ​ធ្វើសម្រាប់​អ្នក​រាល់​គ្នា ទៅ​ជា​ឥត​ប្រយោជន៍។ បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នាឲ្យ​បាន​ដូច​ជា​ខ្ញុំ ដ្បិត​ខ្ញុំ​ក៏បាន​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំបូង​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា​ទាំង​សុខ​ភាព​ខាង​សាច់​ឈាមទន់​ខ្សោយ ហើយ​ទោះ​ជា​សុខ​ភាព​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​លំបាក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​មើល​ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ឡើយ តែ​បាន​ទទួល​ខ្ញុំ ដូច​ទទួល​ទេវតា​របស់​ព្រះ គឺ​ដូច​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែរ។ ដូច្នេះ តើ​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​មាន​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ អ្នក​រាល់​គ្នា​សឹង​តែ​ខ្វេះ​ភ្នែក​ឲ្យ​ខ្ញុំទៀត​ផង ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន។ ឥឡូវ​នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង‌សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​តែខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ? អ្នក​ទាំង​នោះគេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នាណាស់ តែ​មិន​មាន​បំណង​ល្អ​ទេ គឺ​គេ​ចង់​បំបែក​អ្នក​រាល់​គ្នាពី​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​វិញ។ ការ​ដែល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​បំណង​ល្អជានិច្ច នោះ​ត្រឹម​ត្រូវ​ហើយ មិន​មែនតែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ។ កូន​ចៅ​អើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ខ្ញុំ​ឈឺ​ចាប់​ម្តង​ទៀត ដូច​ស្ត្រី​ហៀប​នឹងសម្រាល​កូន រហូត​ទាល់​តែ​ព្រះ‌គ្រីស្ទមាន​រូប​រាង​ឡើង​ក្នុង​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្លាស់​ប្តូរ​សម្ដី​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​ទ័ល​គំនិត​អំពី​អ្នក​រាល់​គ្នា​ហើយ។ អ្នក​រាល់​គ្នា​ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំមើល៍ តើ​អ្នក​រាល់​គ្នា​មិន​ឮ​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ? ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​ពីរ​នាក់ ម្នាក់​កើត​ពី​ស្ដ្រី​ជា​បាវ​បម្រើ ម្នាក់​ទៀតកើត​ពីស្ដ្រី​អ្នក​ជា ។ ប៉ុន្ដែ កូន​ដែល​កើត​ពីស្ត្រីជា​បាវ​បម្រើ ជា​កូន​កើត​មក​តាម​សាច់​ឈាម ឯ​កូន​ដែល​កើត​ពីស្ត្រី​អ្នក​ជាវិញ កើតមក​តាម​សេចក្ដី​សន្យា។ នេះ​ជា​ការ​ប្រៀប​ធៀប ស្ត្រី​ទាំង​ពីរ​នេះ​ជា​គំរូ​នៃ​សេចក្ដី​សញ្ញា​ពីរ មួយ​នៅ​ភ្នំ​ស៊ី‌ណាយ ដែល​បង្កើត​កូន​ជា​បាវ​បម្រើ នោះ​គឺ​នាង​ហាកា។ នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។ ប៉ុន្ដែ ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្ថាន​លើវិញ គឺ​ជាស្ត្រី​អ្នក​ជា ហើយ​ជា​ម្តាយ​របស់​យើង។ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​ស្ត្រី​អារ​ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! ឱ​ស្ត្រី​ដែល​មិន​ឈឺ​នឹង​សម្រាល​អើយ ចូរ​បន្លឺសំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ព្រោះ​កូន​របស់​ស្ត្រី​ដែល​គេ​បោះ​បង់​ចោលនោះ មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត» ។ ឥឡូវ​នេះ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្ដែ នៅ​គ្រា​នោះ កូន​ដែល​កើត​មក​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា ឥឡូវ​នេះ​ក៏​មាន​យ៉ាង​នោះ​ដែរ។ ប៉ុន្ដែ តើ​គម្ពីរ​ចែង​មក​ដូច​ម្ដេច? គឺ​ថា «ចូរ​បណ្ដេញ​ស្រ្ដី​ជា​បាវ​បម្រើ និង​កូន​របស់​នាង​ចេញ ដ្បិត​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​មិន​ត្រូវ​ទទួល​មត៌ក​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ដូច្នេះ បង‌ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:8-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ នឹង​ឆ្នាំ​ផ្សេងៗ ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។ បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្ដី​កំសោយ​ខាង​សាច់​ឈាម ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ដូច្នេះ សេចក្ដី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្ដី​ពិត​ឬ​អី គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ គួរ​ឲ្យ​មាន​សេចក្ដី​សង្វាត​ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​ថា​ទេ​ឬ​អី ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្ដី​សន្យា​វិញ នោះ​ជា​សេចក្ដី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្ដី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ី‌ណាយ ក៏​បង្កើត​សភាព​ជា​បាវ​បំរើ នោះ​គឺ​ជា​នាង​ហាការ ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង តែ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ» តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ» ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។

ចែក​រំលែក
អាន កាឡាទី 4