ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀតជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។ រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដាឲ្យលោកពេត្រុសដែរ ដ្បិតព្រះជាម្ចាស់ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័កសម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោស ដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។ ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែកពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា ។ បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
អាន កាឡាទី 2
ស្ដាប់នូវ កាឡាទី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 2:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ