ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសម្រាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោបង់ផង។ សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។ យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងហ្មត់ចត់បំផុត។ ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។ គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។ ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។ ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។ គេបានតែងតាំងក្រុមបូជាចារ្យតាមឋានៈរបស់ពួកគេ ព្រមទាំងតែងតាំងពួកលេវីជាក្រុមៗ តាមមុខងារដែលពួកគេបំពេញថ្វាយព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
អាន អែសរ៉ា 6
ស្ដាប់នូវ អែសរ៉ា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អែសរ៉ា 6:11-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ