អែសរ៉ា 6:11-18

អែសរ៉ា 6:11-18 គខប

ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោ‌បង់​ផង។ សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដែល​តាំង​ព្រះ‌នាម​របស់​ព្រះអង្គ​នៅ​ទី​នោះ ទម្លាក់​ស្ដេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ នៅ​ក្រុង​យេរូ‌សាឡឹម។ យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។ លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារី‌យូស​យ៉ាង​ហ្មត់‌ចត់​បំផុត។ ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​បន្ត​ការ​សាង​សង់​ព្រះ‌វិហារ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាកា‌រី ជា​កូន​របស់​លោក​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះ‌វិហារ ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ព្រះចៅ​ស៊ីរូស ព្រះចៅ​ដារី‌យូស និង​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស។ គេ​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យូស។ ជន‌ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។ ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខងារ​ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ