អែសរ៉ា 3:1-9

អែសរ៉ា 3:1-9 គខប

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។ លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ដែល​ជា​បងប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បងប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រា‌អែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ។ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។ ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។ ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​យេសួរ និង​កូន ព្រម​ទាំង​បងប្អូន​របស់​លោក គឺ​មាន​លោក​កាឌ‌មាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ