អេសេគាល 41
41
1បន្ទាប់មក លោកនាំខ្ញុំចូលទៅក្នុងទីសក្ការៈ លោកវាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ព្រះពន្លា*។ 2ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ លោកវាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។ 3បន្ទាប់មក លោកចូលទៅខាងក្នុងវាស់សសរមាត់ទ្វារ ឃើញមានកម្រាស់ពីរហត្ថ រីឯទ្វារកម្រាស់ប្រាំមួយហត្ថ ទទឹងប្រាំពីរហត្ថ។ 4លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។
5លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកម្រាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។ 6បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញព្រះដំណាក់ គឺមិននៅតាមជញ្ជាំងទីសក្ការៈទេ។ 7បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កម្រាស់ជញ្ជាំងដែលព័ទ្ធជុំវិញព្រះវិហារតូចជាងកម្រាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
8ខ្ញុំសង្កេតមើលជុំវិញព្រះដំណាក់ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកម្ពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។ 9ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកម្រាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង 10និងបន្ទប់ដែលនៅជុំវិញទីសក្ការៈ មានប្រវែងម្ភៃហត្ថ។ 11បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
12នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកម្រាស់ប្រាំហត្ថ។ 13បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។ 14ជញ្ជាំងខាងមុខព្រះដំណាក់ និងធ្លាធំដែលនៅខាងកើត មានប្រវែងមួយរយហត្ថ។ 15បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយព្រះដំណាក់ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង 16ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។ 17ចាប់ពីលើទ្វាររហូតដល់ក្នុងទីសក្ការៈ* មានក្បាច់លំអទាំងខាងក្រៅ ទាំងខាងក្នុង 18គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរ នៅឆ្លាស់គ្នា។ 19ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។ 20ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ 21ប្រអប់ទ្វារព្រះវិហារមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត 22មានអាសនៈធ្វើអំពីឈើ កម្ពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ 23ទីសក្ការៈ និងទីសក្ការៈបំផុត មានច្រកចូលពីរ។ 24ច្រកនីមួយៗមានសន្លឹកទ្វារពីរ ដែលអាចបិទបើកបាន។ 25នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ចេរូប៊ីន និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។ 26នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងព្រះដំណាក់ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 41: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.