ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារ-កសត្វនៅលើតុទាំងនោះ សម្រាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។ ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែង ក៏មានតុពីរដែរ។ នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗ ដែលគេអារ-កសត្វពីលើ។ មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថ។ គេដាក់ឧបករណ៍សម្រាប់អារ-កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។ នៅតាមគែមតុ មានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សម្រាប់ធ្វើយញ្ញបូជា គេដាក់នៅលើតុ។ នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសម្រាប់អ្នកចម្រៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។ លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។ រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី ដែលមានភារកិច្ចចូលមកបម្រើព្រះអម្ចាស់»។ លោកវាស់ទីលានដែលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។ លោកនាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់។ លោកវាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារ ម្ខាងៗមានប្រវែងបីហត្ថ។ បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។
អាន អេសេគាល 40
ស្ដាប់នូវ អេសេគាល 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 40:39-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ