អេសេគាល 40

40
និមិត្ត‌ហេតុ​ស្ដី​អំពី​ព្រះ‌វិហារ នៅ​អនាគត‌កាល
លោក​អេសេ‌គាល​និមិត្ត​ឃើញ​ក្រុង​យេរូ‌សាឡឹម
1នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះ‌អម្ចាស់​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។ 2 ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់ គឺ​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។ 3 ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ឃើញ​មនុស្ស​ម្នាក់​មាន​ភាព​ដូច​លង្ហិន ឈរ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ទាំង​កាន់​ខ្សែ​វេញ​ពី​ធ្មៃ និង​ឈើ​រង្វាស់​មួយ។ 4បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ខំ​ប្រឹង​មើល ចូរ​ប្រុង​ត្រចៀក​ស្ដាប់ ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ ដ្បិត​ព្រះ‌អម្ចាស់​នាំ​អ្នក​មក​ទី​នេះ ដើម្បី​ឲ្យ​អ្នក​ឃើញ។ បន្ទាប់​មក ចូរ​យក​ហេតុ‌ការណ៍​ទាំង​អស់​ដែល​អ្នក​ឃើញ ទៅ​ពន្យល់​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល»។
ទី‌លាន និង​ទ្វារ​ខាង​ក្រៅ
5 ខ្ញុំ​មើល​ទៅ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។ បុរស​នោះ​កាន់​ឈើ​រង្វាស់ ដែល​មាន​បណ្ដោយ​ប្រាំ​មួយ​ហត្ថ (ក្នុង​មួយ​ហត្ថៗ​មាន​ប្រវែង​លើស​ពី​ខ្នាត​ធម្មតា​មួយ​ទះ) ទៅ​វាស់​កំពែង​នោះ​ឃើញ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ និង​ទទឹង​មួយ​ឈើ​រង្វាស់។ 6បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ ឃើញ​មាន​កម្រាស់​មួយ​ឈើ​រង្វាស់។ 7បន្ទប់​តូចៗ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ ទទឹង​មួយ​ឈើ​រង្វាស់។ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ មាន​ចន្លោះ​ប្រាំ​ហត្ថ។ ក្រប​ទ្វារ​ដែល​នៅ​ក្បែរ​ច្រក​ខ្លោង​ទ្វារ​ខាង​ក្នុង ក៏​មាន​កម្រាស់​មួយ​ឈើ​រង្វាស់​ដែរ។ 8លោក​វាស់​បន្ទប់​ល្វែង ដែល​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង​ឃើញ​មាន​ទទឹង​មួយ​ឈើ​រង្វាស់។ 9រីឯ​បណ្ដោយ​បន្ទប់​ល្វែង​នោះ លោក​វាស់​ទៅ​ឃើញ​មាន​ប្រវែង​ប្រាំ​បី​ហត្ថ ហើយ​សសរ​នីមួយៗ​មាន​កម្រាស់​ពីរ​ហត្ថ។ បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​នោះ​ស្ថិត​នៅ​ខាង​ក្នុង។ 10ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ 11លោក​វាស់​ទទឹង​ខ្លោង​ទ្វារ ឃើញ​មាន​ប្រវែង​ដប់​ហត្ថ ហើយ​បណ្ដោយ​មាន​ដប់​បី​ហត្ថ។ 12នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។ 13លោក​វាស់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់ រហូត​ដល់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់​មួយ​ទៀត​ដែល​នៅ​ទល់​មុខ​គ្នា ឃើញ​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។ 14លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។ 15ពី​ខ្លោង​ទ្វារ​ចូល​រហូត​ដល់​បន្ទប់​ល្វែង​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង មាន​ប្រវែង​ហា‌សិប​ហត្ថ។ 16នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។
17លោក​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។ 18កម្រាល​ថ្ម​ស្ថិត​នៅ​ជាប់​ខ្លោង​ទ្វារ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​បណ្ដោយ​របស់​ខ្លោង​ទ្វារ។ កម្រាល​ថ្ម​នោះ​ជា​កម្រាល​ថ្ម​ខាង​ក្រោម។ 19លោក​វាស់​ពី​មុខ​ខ្លោង​ទ្វារ​ខាង​ក្រោម​រហូត​ដល់​ទី‌លាន​ខាង​ក្នុង គឺ​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​ជើង មាន​ប្រវែង​មួយ​រយ​ហត្ថ។
20លោក​វាស់​បណ្ដោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​រក​ទី‌លាន​ខាង​ក្រៅ គឺ​នៅ​ខាង​ជើង​ទី‌លាន។ 21ខ្លោង​ទ្វារ​នោះ​មាន​បន្ទប់​តូចៗ​ម្ខាង​បីៗ រីឯ​ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ទី​មួយ​ដែរ គឺ​បណ្ដោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។ 22រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ 23នៅ​ទី‌លាន​ខាង​ក្នុង​មាន​ខ្លោង​ទ្វារ​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​ជើង និង​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។
24បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទិស​ខាង​ត្បូង ដែល​មាន​ខ្លោង​ទ្វារ​មួយ​បែរ​ទៅ​ខាង​ត្បូង លោក​វាស់​ជញ្ជាំង និង​បន្ទប់​ល្វែង ឃើញ​មាន​ទំហំ​ដូច​គ្នា។ 25នៅ​ជុំ‌វិញ​ខ្លោង​ទ្វារ​នេះ ព្រម​ទាំង​បន្ទប់​ល្វែង មាន​បង្អួច ដូច​បង្អួច​ឯ​ទៀតៗ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។ 26ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។ 27ទី‌លាន​ខាង​ក្នុង​មាន​ទ្វារ​មួយ​នៅ​ខាង​ត្បូង។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត នៅ​ខាង​ត្បូង​មាន​ប្រវែង​មួយ​រយ​ហត្ថ។
28បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ទ្វារ​ខាង​ត្បូង។ លោក​វាស់​ទ្វារ​ខាង​ត្បូង​មាន​ទំហំ​ដូច​ទ្វារ​ឯ​ទៀតៗ។ 29បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។ 30ជុំ‌វិញ​បន្ទប់​ល្វែង មាន​បណ្ដោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។ 31បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។
32លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។ 33បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។ 34បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។
35លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​វាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នា 36រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។ 37ជញ្ជាំង​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ។ នៅ​សង​ខាង មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ មាន​ប្រាំ​បី​កាំ។
38នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​តង្វាយ​ដុត។ 39ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ-ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។ 40ត្រង់​កន្លែង​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ច្រក​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត គឺ​នៅ​ក្បែរ​បន្ទប់​ល្វែង ក៏​មាន​តុ​ពីរ​ដែរ។ 41នៅ​ត្រង់​បន្ទប់​ល្វែង មាន​តុ​ប្រាំ​បី គឺ​ម្ខាង​បួនៗ ដែល​គេ​អារ-ក​សត្វ​ពី​លើ។ 42មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ-ក​សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។ 43នៅ​តាម​គែម​តុ មាន​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សម្រាប់​ធ្វើ​យញ្ញ‌បូជា គេ​ដាក់​នៅ​លើ​តុ។
44នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ 45លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។ 46រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី ដែល​មាន​ភារ‌កិច្ច​ចូល​មក​បម្រើ​ព្រះ‌អម្ចាស់»។
47លោក​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទីសក្ការៈ។
ទីសក្ការៈ
48លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។ 49បន្ទប់​ល្វែង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។

ទើបបានជ្រើសរើសហើយ៖

អេសេគាល 40: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល