អេសេគាល 36:6-15

អេសេគាល 36:6-15 គខប

ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លុប​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។ ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន! រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសេគាល 36:6-15