យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមច្បាប់ ហើយកាន់តាមវិន័យរបស់យើង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា។ យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។ យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។ ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រាអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។ ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។ ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹងមាំ ព្រមទាំងមានប្រជាជនរស់នៅផង។ ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រាអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។ ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើយញ្ញបូជានៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អាន អេសេគាល 36
ស្ដាប់នូវ អេសេគាល 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 36:26-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ