អេសេគាល 36:1-23

អេសេគាល 36:1-23 គខប

កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ភ្នំ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។ ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិស‌ទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជា‌ជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។ ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កម្ទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។ ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លុប​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។ ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន! រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា មិន​បរិសុទ្ធ ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។ យើង​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។ ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ពួក​គេ​បាន​បង្អាប់‌បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះអង្គ​មក”។ យើង​ចង់​រក្សា​នាម​ដ៏វិសុទ្ធ​របស់​យើង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បង្អាប់‌បង្អោន នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។ ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏វិសុទ្ធ​របស់​យើង​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។ យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។