ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រាអែលចុះ»។ ខ្ញុំក៏ហាមាត់ ហើយព្រះអង្គឲ្យខ្ញុំទទួលទានក្រាំងនោះ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ! យើងចាត់អ្នកឲ្យទៅរកពូជពង្សអ៊ីស្រាអែល គឺមិនមែនឲ្យទៅរកសាសន៍ដទៃ ដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។ យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន គឺយើងចាត់អ្នកទៅរកពូជពង្សអ៊ីស្រាអែលដែលមិនចង់ស្ដាប់អ្នក ព្រោះពួកគេមិនព្រមស្ដាប់យើង។ ពូជពង្សអ៊ីស្រាអែលទាំងមូលជាមនុស្សក្បាលរឹង និងមានចិត្តចចេស។ ប៉ុន្តែ យើងធ្វើឲ្យអ្នកមានចិត្តមានះ ដើម្បីឲ្យអ្នកតតាំងនឹងចិត្តមានះរបស់ពួកគេ យើងធ្វើឲ្យអ្នកមានចិត្តរឹង ដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេ។ យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
អាន អេសេគាល 3
ស្ដាប់នូវ អេសេគាល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 3:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ