អេសេគាល 3
3
1 ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀនប្រដៅពូជពង្សអ៊ីស្រាអែលចុះ»។ 2ខ្ញុំក៏ហាមាត់ ហើយព្រះអង្គឲ្យខ្ញុំទទួលទានក្រាំងនោះ។ 3ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។
4បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ! 5យើងចាត់អ្នកឲ្យទៅរកពូជពង្សអ៊ីស្រាអែល គឺមិនមែនឲ្យទៅរកសាសន៍ដទៃ ដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។ 6យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។ ប្រសិនបើយើងចាត់អ្នកទៅរកសាសន៍ទាំងនោះមែន ពួកគេមុខជាស្ដាប់អ្នកពុំខាន 7គឺយើងចាត់អ្នកទៅរកពូជពង្សអ៊ីស្រាអែលដែលមិនចង់ស្ដាប់អ្នក ព្រោះពួកគេមិនព្រមស្ដាប់យើង។ ពូជពង្សអ៊ីស្រាអែលទាំងមូលជាមនុស្សក្បាលរឹង និងមានចិត្តចចេស។ 8ប៉ុន្តែ យើងធ្វើឲ្យអ្នកមានចិត្តមានះ ដើម្បីឲ្យអ្នកតតាំងនឹងចិត្តមានះរបស់ពួកគេ យើងធ្វើឲ្យអ្នកមានចិត្តរឹង ដើម្បីតតាំងនឹងចិត្តរឹងរបស់ពួកគេ។ 9យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
10ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។ 11ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
12ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅក្នុងដំណាក់របស់ព្រះអង្គ!»។ 13ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។ 14ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំយកទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ តែព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំជំទាស់មិនបាន។ 15ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
16លុះប្រាំពីរថ្ងៃកន្លងផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 17«កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។ 18ពេលយើងនិយាយទៅកាន់មនុស្សអាក្រក់ថា “អ្នកនឹងត្រូវស្លាប់!” ប្រសិនបើអ្នកមិនប្រាប់គេឲ្យដឹងខ្លួន ប្រសិនបើអ្នកមិនទូន្មានគេឲ្យងាកចេញពីផ្លូវអាក្រក់ ដើម្បីបានរួចជីវិតទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះអំពើបាបរបស់ខ្លួន តែយើងនឹងដាក់ទោសអ្នក។ 19ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញ អ្នកនឹងបានរួចជីវិត។ 20ប្រសិនបើមនុស្សសុចរិតម្នាក់ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើឲ្យគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។ 21ផ្ទុយទៅវិញប្រសិនបើអ្នកទូន្មានមនុស្សសុចរិតកុំឲ្យប្រព្រឹត្តអំពើបាប ហើយបើគេមិនប្រព្រឹត្តអំពើបាបទេនោះ គេនឹងមានជីវិតតទៅមុខទៀត ព្រោះតែអ្នកបានទូន្មានគេ ចំណែកឯអ្នកវិញ អ្នកនឹងបានរួចជីវិត»។
ព្រះអម្ចាស់ឲ្យលោកអេសេគាលនៅស្ងៀមស្ងាត់
22 ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំសាជាថ្មី ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅជ្រលងភ្នំ នៅទីនោះ យើងនឹងនិយាយជាមួយអ្នក»។ 23ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់នៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ ឱនមុខដល់ដី។ 24ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សម្ងំនៅក្នុងផ្ទះរបស់អ្នកទៅ។ 25កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។ 26យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគ និយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។ 27ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.