អេសេគាល 26
26
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2«កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!” 3ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជាជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។ 4ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីឲ្យរលីង ទុកតែផ្ទាំងថ្មមួយឲ្យនៅសល់ប៉ុណ្ណោះ។ 5ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។ 6រីឯប្រជាជនក្នុងស្រុកភូមិនានានៅជុំវិញក្រុងទីរ៉ុស នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
7 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាមហាក្សត្រលើក្សត្រនានា ឲ្យមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចម្បាំង ព្រមទាំងទាហានដ៏ច្រើនផង។ 8សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។ 9សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកម្ទេចប៉មរបស់អ្នកទៀតផង។ 10ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសម្រុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចម្បាំង នៅពេលសត្រូវសម្រុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។ 11ជើងសេះរបស់ពួកគេនឹងជាន់កម្ទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្តូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។ 12សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។ 13 យើងនឹងបំបាត់ស្នូរចម្រៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។ 14យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។
15 ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសម្រែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។ 16 ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។ 17ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នក ដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជម្រករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។ 18នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។
19 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក 20យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។ 21 យើងនឹងធ្វើឲ្យមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះ គេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 26: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.