ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ លោកទាំងពីរក៏ធ្វើតាមព្រះបន្ទូល គឺលោកអើរ៉ុនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វ នៅស្រុកអេស៊ីបទាំងមូល។ ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ពេលនោះ ពួកគ្រូធ្មប់ទូលព្រះចៅផារ៉ោនថា៖ «ការនេះកើតមកពីព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹមទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅទន្លេ ហើយទូលស្ដេចដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងស្ថិតនៅក្នុងស្រុកនេះ។ យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ ព្រះអម្ចាស់ធ្វើតាមព្រះបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្ដេចផារ៉ោន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរធ្វើយញ្ញបូជាថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ ប៉ុន្តែ លោកម៉ូសេទូលថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើយញ្ញបូជា គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្មគប់សម្លាប់យើងខ្ញុំមិនខាន។ យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា នៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរទូលអង្វរព្រះអង្គឲ្យយើងផង»។ លោកម៉ូសេតបថា៖ «ពេលចាកចេញពីព្រះករុណាទៅ ទូលបង្គំនឹងទូលអង្វរព្រះអម្ចាស់។ ស្អែករុយនឹងចាកចេញពីព្រះករុណា ពីនាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះករុណាទៀតផង។ ប៉ុន្តែ សូមព្រះករុណាឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំចេញទៅធ្វើយញ្ញបូជា ថ្វាយព្រះអម្ចាស់ឡើយ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់ធ្វើតាមពាក្យអង្វររបស់លោកម៉ូសេ គឺព្រះអង្គបំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្ដេច ឥតមានទុកឲ្យនៅសល់មួយឡើយ។ ប៉ុន្តែ ម្ដងនេះទៀត ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅទេ។
អាន និក្ខមនំ 8
ស្ដាប់នូវ និក្ខមនំ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 8:16-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ