និក្ខមនំ 7:14-25

និក្ខមនំ 7:14-25 គខប

បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។ ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។ ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង នៅ​វាល​រហោ‌ស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្ដាប់​ទេ។ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។ ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។ ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​រឹង​ចចេស មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះចៅ​ផារ៉ោន​ត្រឡប់​ចូល​ទៅ​ក្នុង​វាំង​វិញ ដោយ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។ ក្រោយ​ពី​ព្រះ‌អម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ‌ពីរ​ថ្ងៃ