និក្ខមនំ 7:14-25

និក្ខមនំ 7:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។ ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។ ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង នៅ​វាល​រហោ‌ស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្ដាប់​ទេ។ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។ ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។ ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​រឹង​ចចេស មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ព្រះចៅ​ផារ៉ោន​ត្រឡប់​ចូល​ទៅ​ក្នុង​វាំង​វិញ ដោយ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។ ក្រោយ​ពី​ព្រះ‌អម្ចាស់​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំ‌ពីរ​ថ្ងៃ

ចែក​រំលែក
អាន និក្ខមនំ 7

និក្ខមនំ 7:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្ដា​‌ជន​ចេញ​ទៅ​ទេ។ ចូរ​ទៅ​ជួប​ផារ៉ោន​នៅ​ពេល​ព្រឹក ពេល​ស្តេច​ចេញ​ទៅ​មាត់​ទឹក ចូរ​ឈរ​នៅ​មាត់​ទន្លេ​ដើម្បី​ជួប​ស្ដេច ហើយ​កាន់​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់​នោះ​ទៅ​ជា‌មួយ​ផង។ ត្រូវ​ទូល​ស្ដេច​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​ចាត់​ទូល‌បង្គំ​មក​ឲ្យ​ទូល​ព្រះ​កុរណា​ថា ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង​នៅ​ទី​រហោ‌ស្ថាន។ ប៉ុន្ដែ រហូត​មក​ទល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្តាប់​ទេ"។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​សារ​ការ​នេះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា"។ "មើល៍ ទូល‌បង្គំ​នឹង​វាយ​ទឹក​ទន្លេ​នីល​ដោយ​ដំបង​នៅ​ដៃ​ទូល‌បង្គំ​នេះ ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ត្រី​នៅ​ក្នុង​ទន្លេ​នីល​នឹង​ងាប់អស់ ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​មិន​អាចផឹក​ទឹក​ពី​ទន្លេ​នេះបាន​ឡើយ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា "ចូរ​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​ទៅ​លើ​ទឹក​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ គឺ​ទៅ​លើ​ទន្លេ ព្រែក បឹង និង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម ហើយ​ឈាម​នឹង​មាន​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ សូម្បី​តែ​នៅ​ក្នុង​ធុង​ឈើ និង​នៅ​ក្នុង​ពាង​ថ្ម​ក៏​មាន​ឈាម​ដែរ"»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។ លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ក៏​ក្លាយ​ទៅ​ជា​ឈាម ត្រី​នៅ​ក្នុង​ទន្លេ​ងាប់​អស់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​មិន​អាច​ផឹក​ទឹក​ទន្លេ​បាន​ឡើយ ក៏​មាន​ឈាម​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​ធ្វើ​ដូច្នោះ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ។ ដូច្នេះ ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។ ផារ៉ោន​វិល​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ខ្លួន​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។ សាសន៍​អេស៊ីព្ទ​ទាំង​អស់​នាំ​គ្នា​ជីក​អណ្តូង​នៅ​តាម​មាត់​ទន្លេនីល ដើម្បី​រក​ទឹក​ផឹក ដ្បិត​គេមិនអាច​ផឹក​ទឹក​ទន្លេ​បាន​ឡើយ។ ក្រោយ​ពី​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​នីល​ហើយ នោះ​ប្រាំពីរ​ថ្ងៃ​ក៏​បាន​កន្លង​ផុត​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 7

និក្ខមនំ 7:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ ដល់​ព្រឹក​ឡើង ផារ៉ោន​នឹង​ចេញ​មក​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទៅ​ឈរ​នៅ​មាត់​ទន្លេ ចាំ​ជួប​នឹង​ទ្រង់​ចុះ ហើយ​ត្រូវ​យក​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់ នោះ​កាន់​នៅ​ដៃ​ឯង​ផង ត្រូវ​ទូល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​បាន​ចាត់​ទូលបង្គំ​មក​ឲ្យ​ទូល​ទ្រង់​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ​នៅ​ទី​រហោ‌ស្ថាន មើល ដរាប​មក​ដល់​ឥឡូវ​នេះ ទ្រង់​មិន​ព្រម​ស្តាប់​តាម​សោះ ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ស្តេច​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា ដោយ‌សារ​ការ​នេះ គឺ​ទូលបង្គំ​នឹង​វាយ​ទឹក​ទន្លេ ដោយ​ដំបង​នៅ​ដៃ​ទូលបង្គំ​នេះ នោះ​ទឹក​នឹង​ត្រឡប់​ប្រែ​ទៅ​ជា​ឈាម ត្រី​នៅ​ក្នុង​ទន្លេ​នឹង​ស្លាប់​ទាំង​អស់ ទន្លេ​ក៏​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​គេ​នឹង​ខ្ពើម​ទឹក​ទន្លេ​នេះ។ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​យក​ដំបង លើក​ដៃ​ទៅ​លើ​ទឹក​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ទាំង​ទន្លេ ទាំង​ព្រែក ទាំង​បឹង ហើយ​នឹង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ត្រឡប់​ទៅ​ជា​ឈាម នោះ​នឹង​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ទោះ​នៅ​ក្នុង​ធុង​ឈើ ឬ​នៅ​ក្នុង​ពាង​ថ្ម​ផង ម៉ូសេ នឹង​អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នៅ​មុខ​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ នោះ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ទាំង​អស់ ត្រី​ដែល​នៅ​ក្នុង​ទន្លេ​ក៏​ស្លាប់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន ក៏​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ហើយ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក ផារ៉ោន​ទ្រង់​វិល​ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ទេ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ជីក​ទី​នៅ​ក្បែរ​ទន្លេ​នឹង​រក​ទឹក​ផឹក ដ្បិត​គេ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន​សោះ។ ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ

ចែក​រំលែក
អាន និក្ខមនំ 7